គ្រាន់តែស្តាប់ចំណងជើងរឿងភាគដែល សុគន្ធ នីសា សម្តែងក៏ទាក់ទាញដែរ !

ថ្មីៗនេះ មានការបង្ហើបថា រឿងភាគ ដែលតារាចម្រៀងរូបស្រស់ សុគន្ធ នីសា គ្រងតំណែងជាតួឯកស្រីរួមជាមួយតួប្រុស លោក ឆន សុវណ្ណរាជ នោះមានចំណងជើងថា «សិសិររដូវក្នុងបេះដូង» ដែលត្រៀមនឹង ចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ហង្សមាស នៅក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្នុងនោះក៏មានការនិយាយថា គ្រាន់តែលឺចំណងជើង ក៏ទាក់ទាញចង់ទស្សនាដែរ ជាពិសេស សក្តិសម នឹង តារាស្រី ដែលមាន សម្រស់ផូរផង់ដូច សុគន្ធ នីសា ។ រឿងភាគមួយនេះ បានដំណើរការថតចប់សព្វគ្រប់ហើយ រង់ចាំតែដាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ហង្សមាសតែប៉ុណ្ណោះ ។ មានការបន្ថែមថា មូលហេតុដែល សុគន្ធ នីសា មានឱកាសអាចក្លាយជាតួឯកស្រីក្នុងរឿងមួយនេះ ដោយសារតែតួអង្គ ដែលនាងត្រូវសម្តែងមានបុគ្គលិកលក្ខណៈដូចរូបនាង ។
គេរំពឹងថា រឿងនេះនឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ក្រោយពីចាក់បញ្ចាំង ។ ចុងក្រោយនេះ គេសង្កេតឃើញតារាចម្រៀង សុគន្ធ នីសា មានសកម្មភាពថ្មីៗជាច្រើនរួមជាមួយស្ទីលតុបតែងខ្លួនប្លែកៗគួរឲ្យ ខ្នាញ់ ជាពិសេសនៅពេលនាងឡើងច្រៀង តាមឆាកប្រគុំតន្ត្រីម្តងៗ ។ បទចម្រៀងរបស់ សុគន្ធ នីសា ដែលកំពុងទទួលបានការពេញនិយមពីសំណាក់អ្នកស្តាប់គឺបទ «បើស្រឡាញ់ម្តេចទុកអូនចោល»  «មាតាដៃមួយ រយ» និង បទ «មនុស្សអស់តម្លៃ»ជាដើម ។ សព្វថ្ងៃ សុគន្ធ នីសា កំពុងមមាញឹកថតបទចម្រៀងថ្មីៗសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ៕