ស្រី្តត្រូវ​យល់ដឹងចំណុចសំខាន់ ៤ មុនពេលក្លាយជាស្ត្រីមេផ្ទះ

ក្រោយរៀបការរួចស្ត្រីពិតជាត្រូវបំពេញតួនាទីជាមេផ្ទះល្អឬ? ពិតប្រាកដណាស់ នេះជាសារៈសំខាន់ចម្បងរបស់ស្រ្តីគ្រប់រូបដែលត្រូវត្រៀមខ្លួនបំពេញតួនាទីជាភរិយាល្អដើម្បីសុភមង្គលគ្រួសារ។ ខាងក្រោមនេះជាចំណេះដឹងដ៏សំខាន់ដែលស្ត្រីគ្រប់រូបគួរតែយល់ដឹង និង​យកមកអនុវត្តដើម្បីក្លាយជាមេផ្ទះដ៏ល្អមួយរូប។

១. ការងារផ្ទះ

  • ម្ហូបអាហារ៖ ព្យាយាមចម្អិនម្ហូបប្រភេទណាដែលនាំមកនូវសុខភាពល្អ មានរសជាតិឈ្ងុយឆ្ងាញ់ ដូចពាក្យគេតែងពោលថា«អហារឆ្ងាញ់គ្រួសារមានសុភមង្គល»។ អ្នកអាចរៀបចំមុខម្ហូបដែលជាចំណូលចិត្តរបស់ស្វាមី ត្រៀមទុករួចស្រេចនៅលើតុអាហារដើម្បីទទួលគាត់ពេលត្រឡប់មកពីធ្វើការនឿយហត់។ ការធ្វើបែបនេះអាចឲ្យស្វាមីគិតថាអ្នកជាភរិយាដែលចេះគិតបារម្ភពីគាត់ និងដឹងនូវអ្វីគាត់ត្រូវការ។
  • សម្អាតផ្ទះ៖ អនុវត្តសម្អាតផ្ទះឲ្យបានស្អាតគ្រប់ជ្រុងជ្រោយ ក្លាយជាទីន្លែងមានផាសុកភាព ពីព្រោះផ្ទះស្អាតរបស់របររៀបរយអាចធ្វើឲ្យអារម្មណ៍ស្រស់ថ្លា កាត់បន្ថយភាពតានតឹង និងធ្វើអ្វីមួយប្រកបទៅដោយរលូន។ ផ្ទះស្អាតអាចបង្ហាញពីភាពថ្លៃថ្នូរនៃការរស់នៅរបស់អ្នក។
  • រៀបចំកាលវិភាគ៖ ការរៀបចំតារាងពេលវេលាការងារផ្ទះបានត្រឹមត្រូវអាចបង្កើនភាពងាយស្រួលក្នុងការបែងចែកការងារនីមួយៗឲ្យដំណើរការទៅដោយរលូន។ កាលវិភាគអាចធ្វើឲ្យអ្នកធ្វើការងារច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
  • ភ្ញាក់ពីព្រលឹម៖ ត្រូវចាំថាអ្នកមានគ្រួសារហើយ ដូចនេះត្រូវចាប់ផ្តើមភ្ញាក់ពីព្រឹកព្រលឹមរៀបចំអាហារពេលព្រឹក និងសម្លៀកបំពាក់សម្រាប់ស្វាមី និងកូនៗ ព្រមទាំងការងារផ្សេងៗទៀត។ ការគេងជ្រុលអាចធ្វើឲ្យអស់កម្លាំងពិបាកធ្វើការដែលក្លាយជាទម្លាប់មិនល្អ។

២.រក្សាទំនាក់ទំនង

  • ស្តាប់ស្វាមី៖ ជាភរិយាដ៏ល្អគួរតែស្តាប់នូវអ្វីដែលស្វាមីនិយាយមុនដោយមិនកាត់ផ្តាច់ពាក្យសម្តីដែលគាត់កំពុងនិយាយនោះទេ។ អ្នកគួរតែព្យាយាមស្តាប់ច្រើនជាងនិយាយ ឬអាចឲ្យគំនិត និងឧទាហរណ៍អ្វីមួយទាក់ទងទៅនឹងចំណាប់អារម្មណ៍របស់គាត់ ដែលទាំងនេះជាវិធីល្អបំផុតនៃការសន្ទនាគ្នារវាងប្តីប្រពន្ធ ម្យ៉ាងវិញទៀតវាអាចបង្ហាញពីការគោរព ឲ្យតម្លៃ និងការមិនគិតតែពីខ្លួនឯង។
  • ឲ្យសេរីភាពផ្ទាល់ខ្លួន៖ ពេលខ្លះបុរសក៏ត្រូវការការកម្សាន្តផ្ទាល់ខ្លួនជាមួយមិត្តភ័ក្តិ និងអ្នកដទៃក្នុងសង្គម។ ផ្តល់ពេលវេលាផ្ទាល់ខ្លួនសម្រាប់គាត់ខ្លះទើបប្រសើរ មិនត្រូវចងជើងជាប់នៅជាមួយអ្នកគ្រប់ពេលនោះទេ ពីព្រោះអាចធ្វើឲ្យបុរសធុញទ្រាន់ហើយគិតថាអ្នកជាមនុស្សអាត្មានិយម។
  • ពិភាក្សាកំហុស៖ ធម្មតាចានក្នុងរាវរមែងប៉ះទង្គិច ដូចនេះនៅពេលមានជម្លោះ ឬមិនពេញចិត្តអ្វីមួយចំពោះគ្នា អ្នកគួរយកពេលវេលា និយាយគ្នាតែពីរនាក់ដោយប្រាប់នូវអ្វីដែលជាកំហុសឆ្គង ហើយកែលម្អចំណុចខ្វះខាតរវាងគ្នាទៅវិញទៅមក។ តែប្រសិនបើខឹងសម្បាខ្លាំងរហូតទាស់សម្តីប្រកែកខ្លាំងទាំងសងខាង គួរតែស្ងាត់រៀងខ្លួនឲ្យត្រជាក់ចិត្តទើបនិយាយគ្នាតាមក្រោយ។ ក្នុងស្ថានភាពនេះអ្នកមិនត្រូវអស់សង្ឃឹមឬ ពិបាកចិត្តអ្វីច្រើននោះទេ អាចនិយាយបានថាវាគ្រាន់តែជាបញ្ហាបន្តិចបន្តួចក្នុងគ្រួសារ ហើយរយៈពេលខ្លីវានឹងប្រសើរឡើងវិញមិនខាន។
  • ទំនាក់ទំនងគ្រួសារ៖ ព្យាយាមបង្កើតទំនាក់ទំនងរវាងគ្រួសារទាំងសងខាងឲ្យជួបជុំគ្នាជាញឹកញាប់។ បង្កើតកម្មវិធីធ្វើទទួលទានអាហារជុំគ្នាចុងសប្តាហ៍នៅផ្ទះ ឬទៅតាមភោជនីយដ្ឋានក៏បាន ឬអាចធ្វើដំណើរកម្សាន្តទីជិតទីឆ្ងាយដូចជា ឆ្នេរសមុទ្រ តំបន់ទឹកធ្លាក់ ឬតាមរមណីយដ្ឋានជិតៗជាដើម។

៣.       ជំនួយបន្ថែម

  • បង្កើនភាពស្និទ្ធស្នាល៖ ទំនាក់ទំនងផ្លូវភេទ គឺពិតជាមានសារៈសំខាន់បំផុតសម្រាប់សេចក្តីសុខប្តីប្រពន្ធដែលត្រូវរួមរស់ជាមួយគ្នាអស់មួយជីវិត។ វាមិនមែនមានន័យថាឲ្យអ្នកអនុវត្តរួមភេទកាន់តែច្រើនទើបល្អនោះទេ ប៉ុន្តែអ្នកគួរតែផ្តល់សេចក្តីសុខផ្លូវភេទឲ្យគ្នាទៅវិញទៅមកឲ្យបានគ្រប់គ្រាន់។ អ្នកអាចពិភាក្សាគ្នាអំពីចំណង់ចំណូលចិត្តនៃការរួមភេទរវាងគ្នាទៅវិញទៅមក ជាពិសេសកុំភ្លេចរិះរកនូវអ្វីដែលថ្មីហើយប្លែកដូចជាក្បាច់រួមភេទ និងបង្កើនចំណុចសុខស្រួលឲ្យគ្នាផងដែរ។
  • រៀបចំដំណើរកម្សាន្ត៖​ អ្នកអាចរៀបចំដំណើរកម្សាន្តខ្លីៗជាមួយស្វាមី និងកូននៅចុងសប្តាហ៍ដូចជា ដើរផ្សារទំនើប មើលកុន ជិះទូក ឬទៅតាមរមណីយដ្ឋានមួយចំនួនដែលផ្តល់បរិយាកាសស្រស់ស្រាយ។ ទាំងនេះអាចធ្វើឲ្យគ្រួសាររបស់អ្នកកាន់តែស្និទ្ធស្នាល​ ហើយស្វាមីនឹងគិតថាអ្នកជាភរិយាដ៏ល្អបំផុត។

៤. គិតពីខ្លួនឯង

  • រក្សាសុខភាព និងសម្រស់៖ ជាស្ត្រីមេផ្ទះត្រូវបំពេញតួនាទីយ៉ាងច្រើនទាំងនៅផ្ទះ និងកន្លែងធ្វើការ។ គួរចំណាយពេលវេលាសម្រាប់ខ្លួនឯងខ្លះនៅពេលទំនេរ ឬចុងសប្តាហ៍ទៅ កន្លែងហាត់ប្រាណ ស្ទីមខ្លួន ចូលហាងអ៊ុតសក់ និងម៉ាស្សា ឬអនុវត្តវិធីងាយៗនៅផ្ទះ…ដើម្បីឲ្យសម្រស់នៅឋិតថេរ។ សម្រស់និង សុខភាពជាកត្តាចម្បងសម្រាប់ស្ត្រីគ្រប់រូប ហេតុនេះហើយគួរតែចេះថែរក្សាកុំបណ្តោយឲ្យចាស់ទៅតាមអាយុកាល។
  • ឲ្យគ្រួសារមើលថែមេផ្ទះម្តង៖ មេផ្ទះមានការងារច្រើនធ្វើមិនចេះចប់ ដូចនេះពេលខ្លះស្វាមី និងកូនៗយូរៗគួរតែរៀនធ្វើការងារទាំងនេះនៅថ្ងៃណាមួយដោយឲ្យភរិយាទំនេរពេញមួយថ្ងៃម្តង។ វិធីបែបនេះអាចឲ្យគ្រួសារដឹងច្បាស់ថាការងារស្ត្រីមេផ្ទះមានន័យយ៉ាងណា ហើយពួកគេនឹងស្រឡាញ់មេផ្ទះដ៏ល្អមួយនេះកាន់តែខ្លាំង៕